ឆ្នាំ១៩៥០
សាលាបណ្តុះបណ្តាលគិលានុបដ្ឋាក និងឆ្មបត្រូវបានបង្កើតឡើងនៅឆ្នាំដោយមានឈ្មោះថា “Ecole d’ Infirmieres et de Sages Femmes” ស្ថិតក្នុងបរិវេណមន្ទីរពេទ្យព្រះកេតុមាលាក្នុងរាជធានីភ្នំពេញ។ កម្មវិធីសិក្សាឆ្មបរយៈពេល២ឆ្នាំត្រូវបានចាប់ផ្តើមក្នុងចន្លោះឆ្នាំ១៩៥០-១៩៦០។
ឆ្នាំ១៩៦០
សាលាបណ្តុះបណ្តាលនេះបានក្លាយឈ្មោះទៅជា “Ecole Royale d’Infimieres et de Sages Femmes d’Etat” និងមានទីតាំងមន្ទីរពេទ្យគន្ឋបុប្ផាក្នុងរាជធានីភ្នំពេញ។ កម្មវិធីសិក្សាឆ្មបរយៈពេល៣ឆ្នាំត្រូវបានចាប់ផ្តើម។ ក្នុងចន្លោះរយៈពេល១០ឆ្នាំនេះ ឆ្មបមានភាពល្បីល្បាញ និងមានប្រាក់ខែខ្ពស់។
ឆ្នាំ១៩៧០
សាលាបណ្តុះបណ្តាលនេះបានប្តូរទៅទីតាំងថ្មីនៅជាប់មន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត និងប្តូរឈ្មោះថា សាលាបចេ្ចកទេសថែទាំវេជ្ជសាស្រ្ត (TSMC)។
ឆ្នាំ១៩៧៥
សាលាបណ្តុះបណ្តាលនេះត្រូវបានបិទទ្វាក្នុងរបបខ្មែរក្រហម។
ឆ្នាំ១៩៨០
សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តបានចាប់ផ្តើមឡើងវិញ។ ក្រសួងសុខាភិបាលក៏បានបង្កើតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ស្ទឹងត្រែង កំពត និងកំពង់ចាមក្នុងគោលបំណងដើម្បីផលិតបុគ្គលិកសុខាភិបាល។ ការបណ្តុះបណ្តាលឆ្មបត្រូវបានចាប់ផ្តើមឡើងវិញនៅទូទាំងប្រទេសក្នុងគោលបំណងដើម្បីផលិតចំនួនឆ្មបឲ្យបានច្រើនស្តីពីជំនាញមូលដ្ឋានក្នុងការសម្រាលកូនធម្មតាដើម្បើផ្តល់សេវាឆ្មបឲ្យដល់ប្រជាជននៅទូទាំងប្រទេស។ កម្មវិធីបណ្តុះបណ្តាលឆ្មបបែងចែកជាពីរ៖ ទី១ ឆ្មបបឋម និង ទី២ ឆ្មបមធ្យម។ កម្មវិធីបណ្តុះបណ្តាលឆ្មបបឋមមានរយៈពេល១ឆ្នាំ និងលក្ខខណ្ឌចូលរួមត្រូវមានសញ្ញាបត្រមធ្យមសិក្សាបឋមភូម។ កម្មវិធីបណ្តុះបណ្តាលឆ្មបមធ្យមមានរយៈពេល៣ឆ្នាំ ដែលឆ្នាំទី១ សិក្សាពីគិលានុបដ្ឋាក និងឆ្នាំទី២សិក្សាពីចំណេះដឹងនិងជំនាញឆ្មប។ ឆ្មបបឋមបំរើការភាគច្រើននៅតាមមណ្ឌលសុខភាពក្នុងតួនាទីជួយគំាំទ្រដល់ឆ្មបមធ្យម។ ឆ្មបមធ្យមភាគច្រើនបំរើការងារនៅតាមមន្ទីរពេទ្យខេត្ត និង មន្ទីរពេទ្យបង្អែកស្រុក។
ឆ្នាំ១៩៨៣
កម្មវិធីសិក្សារយៈពេល២ឆ្នាំត្រូវបានចាប់ផ្តើមដោយតម្លើងឆ្មបទៅជាឆ្មបមធ្យម។
ឆ្នាំ១៩៩៧
កម្មវិធីសិក្សាឆ្មបរយៈពេល២ឆ្នាំត្រូបានកែសម្រួល និងរៀបចំជាម៉ូឌុល និងបានបង្រៀននៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និងបានបង្រៀនឡើងវិញនៅក្នុងឆ្នាំ២០០២។
ឆ្នាំ១៩៩៦
រាជរដ្ឋាភិបាលបានសម្រេចចិត្តផ្អាកការបណ្តុះបណ្តាលឆ្មប។ ជាលទ្ឋផលចំនួនបុគ្គលិកឆ្មបមានចំនួនតិចតួចក្នុងចន្លោះឆ្នាំ១៩៩៧ - ២០០១។
ឆ្នាំ២០០២
កម្មវិធីបណ្តុះបណ្តាលគិលានុបដ្ឋាក-ឆ្មបត្រូវបានចាប់ផ្តើមដែលសិក្សារយៈពេល៣ឆ្នាំលើមុខវិជ្ជាគិលានុបដ្ឋាក បន្ទាប់មក១ឆ្នាំលើមុខវិជ្ជាឆ្មប។ លក្ខខណ្ឌក្នុងការចូលរៀនសិស្សត្រូវមានសញ្ញាបត្រទុតិយភូមិ។ កម្មវិធីនេះត្រូវបានគេស្គាល់ថាកម្មវិធីសិក្សា៣+១។ សិស្សដែលបញ្ចប់ការសិក្សាក្នុងវគ្គនេះបានចូលបំរើការងារក្នុងឆ្នាំ២០០៣។
ឆ្នាំ២០០៣
ក្រសួងសុខាភិបាលបានចាប់ផ្តើមកម្មវិធីសិក្សាគិលានុបដ្ឋាក-ឆ្មបបឋម ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតឆ្មបនៅភូមិភាគឦសាន។ លក្ខខណ្ឌក្នុងការចូលរៀនសិស្សត្រូវបញ្ចប់ថ្នាក់ទី៧ និងមានឆន្ទះបំរើការងារនៅតំបន់ដែលខ្លួនបណ្តុះបណ្តាលបន្ទាប់ពីបញ្ចប់ការសិក្សា។ កម្មវិធីសិក្សានេះផ្តោតលើខ្លឹមសារគិលានុបដ្ឋាក និងបានបណ្តុះបណ្តាលនៅមន្ទីរសុខាភិបាលក្នុងភូមិភាគឦសាន។
ឆ្នាំ២០០៥
ក្រសួងសុខាភិបាលបានពង្រីកកម្មវិធីបណ្តុះបណ្តាលរយៈពេល១ឆ្នាំ និងកែសម្រួលកម្មវិធីសិក្សា និងប្រគល់ការទទួលខុសត្រូវដល់សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគទាំ៤។ យោងតាមគោលការណ៍ណែនាំថ្មីស្តីពីការបណ្តុះបណ្តាលរយៈពេល១ឆ្នាំ សិស្សដែលមិនស្ថិតក្នុងភូមិភាគឦសានត្រូវបញ្ចប់ការសិក្សាថ្នាក់ទី១០ និងពេលបញ្ចប់ការសិក្សានេះនឹងទទួលបានសញ្ញាបត្រឆ្មបឋម និងចូលបំរើការងារជាឆ្មបបឋម។ទន្ទឹមគ្នានេះដែរ កម្មវិធីបណ្តុះបណ្តាលគិលានុបដ្ឋាក-ឆ្មប(៣+១) ត្រូវបានបង្រៀននៅសាលាឯកជនឈ្មោះថា”សកលវិទ្យាល័យអន្តរជាតិ” ។ រៀងរាល់ឆ្នាំ សិស្សចំនួន២០រូបបានបញ្ចប់ការសិក្សាក្នុងផែ្នកនេះ។
ឆ្នាំ២០០៨
កម្មវិធីសិក្សាបរិញ្ញាបត្ររងឆ្មបបានចាប់ផ្តើម និងបង្រៀននៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និង សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគទាំង៤។ កម្មវិធីសិក្សានេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយមានសិស្សដាក់ពាក្យចូលរៀនលើសចំនួនកំណត់។
ឆ្នាំ២០១០
ក្រសួងអប់រំ យុវជន និងកីឡាបានទទួលស្គាល់កម្មវិធីសិក្សា៣+១ ស្មើកម្រិតបរិញ្ញាបត្រ។
ឆ្នាំ២០១២
ក្រសួងសុខាភិបាលបានចាប់ផ្តើមកម្មវិធីសិក្សាបរិញ្ញាបត្រឆ្មបរយៈពេល៤ឆ្នាំដែលបង្រៀននៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្ត និង សកលវិទ្យាល័យឯកជនចំនួន២ក្នុងរាជធានីភ្នំពេញ។
ឆ្នាំ២០១៣
បច្ចុប្បន្ន សាលាសាធារណៈ និងឯកជនចំនួនយ៉ាងហោចណាស់ចំនួន១៦បានកំពុងផ្តល់ការបណ្តុះបណ្តាលឆ្មបកម្រិតមូលដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា។ បញ្ហាប្រឈមគឺការធានាថាឆ្មបដែលបញ្ចប់ការសិក្សាមានសមត្ថភាពក្នុងការអនុវត្តវិជ្ជាជីវៈប្រកបដោយគុណភាពដល់ស្រ្តី ទារក គ្រួសារ និងសហគមន៍។
លោកស្រីអ៊ីងរ៉ាដាប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិបានចូលរួមសន្និសីទរអាស៊ីប៉ាស៊ីហ្វិចរបស់សហព័ន្ឋឆ្មបអន្តរជាតិឆ្នាំ២០១២ ក្នុងប្រទេសវៀតណាម។
ឆ្នាំ២០០៦
គណៈឆ្មបកម្ពុជាត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈឆ្មបកម្ពុជានៅថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០០៦។ ព្រះរាជក្រឹត្យបានចែងថាគណៈឆ្មបកម្ពុជាជាអង្គការស្វយ័ត និងទទួលខុសត្រូវលើការចំណាយ ការផ្តត់ផ្គង់ប្រាក់កាស ម្ចាស់ការខ្លួនឯង ធានាឥស្សរភាព ការពារផលប្រយោជន៍សីលធម៍វិជ្ជាជីវៈ។
ឆ្នាំ២០០៧
នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៧ គណៈឆ្មបកម្ពុជាបានបង្កើតក្រុមការងារបណ្តោះអាសន្នដែលមានសមាជិក៧រូប។
ឆ្នាំ២០០៨
នៅខែមករា ឆ្នាំ២០០៨ ក្រុមការងារបានរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈឆ្មបកម្ពុជា។
ឆ្នាំ២០០៩
លោកស្រី អ៊ីង រ៉ាដា ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលសម្រាប់អាណត្ត៦ឆ្នាំ និង សមាជិកចំនួន៣២រូបត្រូវបានជ្រើសរើសសម្រាប់ក្រុមប្រឹក្សាគណៈឆ្មបជាតិដែលមានតំណាងឆ្មប១រូបសម្រាប់ខេត្តនីមួយៗ និងត្រូវបានស្នើទៅទីស្តីការគណៈរដ្ឋមន្ត្រី និងត្រូវអនុម័តទទួលស្គាល់ដោយប្រកាសលេខ១០៤៧ សខល ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០០៩ របស់ក្រសួងសុខាភិបាល និងបានទទួលស្គាល់សមាសភាពការិយាល័យក្រុមប្រឹក្សាគណៈឆ្មបជាតិចំនួន៧រូប។
ឆ្នាំ២០១០
ការិយាល័យរបស់ក្រុមប្រឹក្សាគណៈឆ្មបជាតិត្រូវបានផ្តល់ដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលស្ថិតក្នុងទីស្តីការក្រសួងសុខាភិបាល ចាប់ផ្តើមដំណើរការក្នុងខែមេសា ឆ្នាំ ២០១០។ អង្គការUNFPA បានឧបត្ថម្ភសម្ភារៈការិយាល័យ រួមទាំង កុំព្យូទ័រ និង សៀវភៅសម្រាប់ការស្រាវជ្រាវ និងបានផ្តល់ជំនួយការកម្មវិធីម្នាក់ចាប់ពីខែមេសា ឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន។
ឆ្នាំ២០១១-២០១២
ក្រុមប្រឹក្សាគណៈឆ្មបជាតិបានចាប់ផ្តើមរៀបចំក្របខណ្ឌសមត្ថភាពស្នូលសម្រាប់វិជ្ជជីវៈឆ្មប និងក្រមសីលធម៌។ ក្រុមប្រឹក្សាគណៈឆ្មបជាតិបានអនុម័តលើបទបញ្ជាផ្ទៃក្នុង និង គោលការណ៍ណែនាំស្តីពីការប្រើប្រាស់ថវិកា និង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីតួនាទីនិងការទទួលខុសត្រូវរបស់គណៈឆ្មបកម្ពុជា។ ក្រុមប្រឹក្សាគណៈឆ្មបភូមិភាគទាំង៥ត្រូវបានបង្កើតឡើង និង បានរៀបចំពង្រាងស្តីពីនិតិវិធីស្តីពីការដោះស្រាយបណ្តឹង និងវិន័យឆ្មប។ ក្រុមប្រឹក្សាគណៈឆ្មបខេត្តទាំង២៤ និង ៣សាខាមន្ទីរពេទ្យត្រូវបានបង្កើត និងចាប់ផ្តើមចុះបញ្ជីឆ្មប។ ទីប្រឹក្សាបច្ចេកទេសរបស់អង្គការVSOត្រូវបានផ្តល់ជូនក្រុមប្រឹក្សាគណៈឆ្មបជាតិក្នុងខែមិថុនា ឆ្នាំ២០១១។ ក្នុងខែ ឧសភាព ឆ្នាំ២០១២ លោកស្រី អ៊ីង រ៉ាដា បានទទួលការឧបត្ថម្ភពីអង្គការWHO ដើម្បីចូលរួមទស្សនកិច្ចសិក្សាពីភាពជោគជ័យនៃការគ្រប់គ្រងវិជ្ជាជីវៈឆ្មបរបស់គណៈគិលានុបដ្ឋាក-ឆ្មបរបស់ប្រទេសថៃឡង់។
ឆ្នាំ២០១៣
ក្នុងខែមករា ឆ្នាំ២០១៣ អនុក្រឹត្យស្តីពីក្រមសីលធម៌ឆ្មបត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានចាប់ផ្តើមផ្សព្វផ្សាយអនុក្រឹត្យនេះតាមរយៈសិក្សាសាលាភូមិភាគនៅទូទាំងប្រទេស។ កូនសៀវភៅឆ្មបត្រូវបានបង្កើតឡើង និង បានចែកជូនឆ្មបដែលបានចុះបញ្ជីទាំងអស់។ គេហទំព័រ និងការចុះបញ្ជីក្នុងប្រព័ន្ឋអេឡិចត្រូនិកត្រូវបានបង្កើតឡើងដោយមានការគាំទ្របច្ចេកទេសពីអង្គការURCកម្ពុជា។ ក្នុងខែតុលា ឆ្នាំ២០១៣ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចុះហត្ថលេខាលើក្របខណ្ឌសមត្ថភាពស្នូលសម្រាប់វិជ្ជាជីវៈឆ្មបក្នុងព្រះរាជាណាចក្រកម្ពុជា និងចាប់ផ្តើមធ្វើការផ្សព្វផ្សាយស្តីពីក្របខណ្ឌនេះទៅដល់សាលាបណ្តុះបណ្តាលឆ្មបទាំងអស់។ បុគ្គលិករដ្ឋបាលក្រៅម៉ោងម្នាក់ត្រូវបានជ្រើសរើសនិងចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្នដោយទទួលខុសត្រូវលើការងារប្រតិបត្តិប្រចាំថ្ងៃដូចជាការចុះបញ្ជី និងការងារហិរញ្ញវត្ថុ។ អង្គការUNFPAបានគាំទ្រទាំងបចេ្ចកទេស និងហិរញ្ញវត្ថុដល់ដំណើរការនៃការបង្កើតគណៈឆ្មប ការកសាងសមត្ថភាពរបស់ក្រុមប្រឹក្សាគណៈឆ្មបជាតិ និងផែនការយុទ្ឋសាស្រ្តចាប់ពេលចាប់ផ្តើមរហូតដល់បច្ចុប្បន្ន។