ការចុះបញ្ជិកា
គណៈឆ្មបកម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើឲ្យឆ្មបដែលកំពុងអនុវត្តន៍ការងារក្នុងផ្នែកថែទាំមាតា-ទារក ទទួលបានការគាំទ្រ និងជំរុញឲ្យពួកគេអនុវត្តន៍ការងារបានតាមស្តង់ដារបស់គណៈឆ្មបកម្ពុជា។
ឆ្មបទាំងអស់ចាំបាច់ត្រូវចុះបញ្ជីជាមួយគណៈឆ្មបកម្ពុជា។ ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ២០១៥ តទៅ ឆ្មបដែលចង់ចុះបញ្ជីត្រូវមានសញ្ញាបត្រឆ្មបចេញដោយក្រសួងសុខាភិបាល ឬគ្រឹះស្ថានសិក្សាដែលបានទទួលស្គាល់គុណភាពអប់រំ និងប្រលងជាប់ការប្រលងចេញថ្នាក់ជាតិ។
គណៈឆ្មបកម្ពុជាបានរៀបចំនីតិវិធីសម្រាប់ការកំណត់ប្រភេទ និងលក្ខខណ្ឌនៃការចុះបញ្ជីសម្រាប់ឆ្មបកំពុងបម្រើការងារដែលមានគុណវុឌ្ឍិ និងលក្ខខណ្ឌផ្សេងៗគ្នា។
១.១. បញ្ជីប្រភេទទី១. ឆ្មបកំពុងអនុវត្តន៍វិជ្ជាជីវៈឆ្មប
ប្រភេទទី១- ផែ្នកទី១. ឆ្មបទូទៅ
ប្រភេទទី១- ផ្នែកទី២. ឆ្មបអនុវត្តន៍មិនគ្រប់សមត្ថភាពទាំង៧
ប្រភេទទី១- ផ្នែកទី៣. ឆ្មបអនុវត្តន៍សមត្ថភាពទាំង៧ និងមិនបានអនុវត្តន៍វិជ្ជាជីវៈឆ្មបលើស៣ឆ្នាំ
ប្រភេទទី១- ផ្នែកទី៤. ឆ្មបអនុវត្តន៍មិនគ្រប់សមត្ថភាពទាំង៧ និងមិនបានអនុវត្តន៍វិជ្ជាជីវៈលើស៣ឆ្នាំ
១.២. បញ្ជីប្រភេទទី២. ឆ្មបមិនអនុវត្តវិជ្ជាជីវៈឆ្មប
ប្រភេទទី២- ផ្នែកទី១. ឆ្មបមានជំនាញគ្លីនិក
ប្រភេទទី២- ផ្នែកទី២. ឆ្មបមិនមានជំនាញគ្លីនិក
១.៣. បញ្ជីប្រភេទទី៣. ឆ្មបបរទេស
ប្រភេទទី៣- ផ្នែកទី១. ឆ្មបបរទេសប្រកបវិជ្ជាជីវៈឆ្មប
ប្រភេទទី៣- ផ្នែកទី២. ឆ្មបបរទេសមានជំនាញគ្លីនិក
ប្រភេទទី៣- ផ្នែកទី៣. ឆ្មបបរទេសដែលមានបេសកកម្មមនុស្សធម៌
ព័ត៌មានបន្ថែមសម្រាប់ការចុះបញ្ជី
នីតិវិធីស្តីពីការកំណត់ប្រភេទ និងលក្ខខណ្ឌនៃការចុះបញ្ជីឆ្មប អាចទទួលបានតាមឯកសារបើកមើល ឬទាញយកពីគណៈឆ្មបកម្ពុជា។
លេខទូរស័ព្ទទំនាក់ទំនងក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្តសម្រាប់ការចុះបញ្ជី អាចទទួលបានតាមព័ត៌មានសំខាន់ៗរបស់គេហទំព័រ។ ការចុះបញ្ជីដោយប្រើប្រាស់ទម្រង់ថ្មីនៃពាក្យសុំចូលសមាជិកបានចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៤។
ការចុះបញ្ជីឡើងវិញ
គណៈឆ្មបកម្ពុជាបានរៀបចំស្តង់ដាស្តីពីការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តសម្រាប់ឆ្មបក្នុងព្រះរាជាណាចក្រកម្ពុជា។
ឆ្មបជនជាតិខ្មែរត្រូវតែចុះបញ្ជីឡើងវិញរៀងរាល់៣ឆ្នាំ។ ឆ្មបបរទេសត្រូវចុះបញ្ជីឡើងវិញរៀងរាល់១ឆ្នាំម្តង។
ការចុះបញ្ជីឡើងវិញមានសារៈសំខាន់ក្នុងការការពារសាធារណៈជន ដោយធានាថាឆ្មបដែលបានចុះបញ្ជីបំពេញតាមស្តង់ដានៃការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។
ក. ស្តង់ដានៃការអនុវត្តវិជ្ជាជីវៈឆ្មប
ឆ្មបជនជាតិខ្មែរដែលអនុវត្តន៍វិជ្ជាជីវៈឆ្មបត្រូវប្រើប្រាស់នូវគុណវុឌ្ឍិរបស់ខ្លួនយ៉ាងតិចបំផុត៥០០ម៉ោង ក្នុង១ឆ្នាំ ឬ ១,៥០០ម៉ោង ក្នុងរយៈពេល៣ឆ្នាំ មុននឹងកាលបរិច្ឆេទកំណត់នៃការចុះបញ្ជីឡើងវិញ។
ឆ្មបបរទេសដែលអនុវត្តន៍វិជ្ជាជីវៈឆ្មបត្រូវប្រើប្រាស់នូវគុណវុឌ្ឍិរបស់ខ្លួនយ៉ាងតិចបំផុត៥០០ម៉ោង ក្នុងរយៈពេល១ឆ្នាំ មុននឹងកាលបរិច្ឆេទកំណត់នៃការចុះបញ្ជីឡើងវិញ និងបំពេញតាមលក្ខខណ្ឌតម្រូវផ្សេងទៀត។
ប្រសិនបើឆ្មបមិនបានបំពេញតាមលក្ខខណ្ឌខាងលើ ត្រូវចូលរួមវគ្គបណ្តុះបណ្តាលដែលអនុម័តដោយក្រសួងសុខាភិបាល ឬអនុវត្តន៍ការងារស្ថិតក្រោមការអភិបាលដោយឆ្មបដែលបានចុះបញ្ជី។
ខ. ស្តង់ដានៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត
ទទួលបាននូវការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តយ៉ាងតិចបំផុត៤០ម៉ោងក្នុងរយៈពេល១ឆ្នាំ ឬ ១២០ម៉ោងក្នុងរយៈពេលបីឆ្នាំ ដែលការសិក្សានោះទាក់ទងនឹងការងារដែលខ្លួនកំពុងអនុវត្តន៍។
កត់ត្រាកំណត់ហេតុនៃការសិក្សា រួមមានកាលបរិច្ឆេទ ព័ត៌មានសង្ខេបស្តីពីខ្លឹមសារ លទ្ធផល និងចំនួនម៉ោងដែលបានសិក្សា។
បំពេញពាក្យសុំចុះបញ្ជីឡើងវិញ និងប្រកាសថាខ្លួនបានបំពេញតាមស្តង់ដានៃការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។
ឆ្លើយតបតាមសំណើរបស់គណៈឆ្មបកម្ពុជា ក្នុងការធ្វើសវនកម្មលើការបំពេញតាមស្តង់ដា និងលក្ខខណ្ឌតម្រូវ។
តួនាទីរបស់គណៈឆ្មបកម្ពុជា និងវិសាលភាពនៃការអនុវត្ត
គណៈឆ្មបកម្ពុជានឹងតាមដានមើលលើសមត្ថភាពនៃការអនុវត្តការងាររបស់ឆ្មប និងធ្វើសវនកម្មលើឆ្មបមួយចំនួន ស្តីពីការបំពេញការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តជាទៀងទាត់។
ស្តង់ដានេះអនុវត្តលើសមាជិករបស់គណៈឆ្មបកម្ពុជាដែលកំពុងអនុវត្តការងារឆ្មបទាំងអស់ និងបានចុះបញ្ជីជាមួយគណៈឆ្មបកម្ពុជា រួមមានឆ្មបអនុវត្តវិជ្ជាជីវៈឆ្មប គ្រូបង្រៀនឆ្មប អ្នកគ្រប់គ្រងឆ្មប និងអ្នកស្រាវជ្រាវការងារឆ្មប។
ស្តង់ដានេះរំពឹងថានឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីឆ្នាំ២០១៤ តទៅ។ ឆ្មបគួរតែចាប់ផ្តើមកត់ត្រានូវរាល់សកម្មភាពនៃការសិក្សា ឬបណ្តុះបណ្តាលរបស់ខ្លួន។