សិក្ខាសាលា ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តផ្អែកលើការអនុវត្តគ្លីនិក ក្រោមប្រធានបទ៖ “ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល”
ខេត្តកំពត៖ ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ មុយ វិរ័ត្ន អភិបាលរង នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ស្តីពីការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តផ្អែកលើការអនុវត្តគ្លីនិក ក្រោមប្រធានបទ៖ “ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល” នៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត ដោយអ្នកចូលរួមដោយផ្ទាល់សរុបចំនួន ១០៤រូប និងតាមប្រព័ន្ធអនឡាញចំនួន១ ០០០រូប។
សិក្ខាសាលាក្នុងថ្ងៃនេះមានគោលបំណង៖
១ បណ្តុះបណ្តាលលើសមត្ថភាព ចំណេះដឹង ជំនាញបច្ចេកទេសសង្គ្រោះផ្នែកសម្ភព
២ កំណត់បាននូវបរិមាណនៃការធ្លាក់ឈាម កត្តាប្រឈម ការបង្ការ ការធ្វើរោគវិច្ឆ័យ និងការគ្រប់គ្រងការ ធ្លាក់ឈាមក្រោយសម្រាលឱ្យកាន់តែមានប្រសិទ្ធភាព
៣ ជំនាញសង្គ្រោះបឋម និងការគ្រប់គ្រងស្ហុកដោយការហូរឈាមនៅពេលសម្រាល និងអំឡុងពេលបញ្ជូន
៤ អនុវត្តផ្ទាល់លើ៖ ១-សង្កត់សរសៃឈាមអាទែអាអក ២- ស្លៀកខោបន្ថយស្ហុក ៣- ការសង្គ្រោះបឋម
៥ វាយតម្លៃចំណេះដឹង ចំពោះ
- អ្នកចូលរួមផ្ទាល់ មានការអនុវត្តផ្ទាល់លើជំនាញសង្គ្រោះផ្នែកសម្ភព និងសង្គ្រោះបឋមដោយមានបញ្ជីផ្ទៀងផ្ទាត់ checklist លើការអនុវត្តច្បាស់លាស់ និងក្រោយបញ្ចប់អាចបន្តការបណ្តុះបណ្តាលបន្ត
- អ្នកចូលរួមតាមប្រព័ន្ធអនឡាញ មានការធ្វើតេស្តមុន និងក្រោយវគ្គ ដែលតម្រូវឱ្យុមានពិន្ទុប្រលងជាប់ដែលស្នើ និងលើសពី80% ទើបអាចទទួលបានវិញ្ញាបនបត្រ ដែលស្នើនឹង៣ពិន្ទុសម្រាប់បន្តអាជ្ញាបណ្ណ។
សូមជម្រាបជូនថាសិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកស្រី ងួន សុភាព ប្រធានក្រុមប្រឹក្សាគណៈឆ្មបជាតិ នាយករងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពត ប្រធាន និងតំណាងគណៈវិជ្ជាជីវៈទាំង៥ខេត្តកំពត គ្រូឧទ្ទេស ឯកទេសផ្នែកសម្ភព រោគស្ត្រី សង្គ្រោះបន្ទាន់ និងសាមុយ នៃមន្ទីរពេទ្យជាតិដូចជា៖ មន្ទីរពេទ្យកាល់ម៉ែត មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យកម្ពុជា ខ្មែរ-សូវៀត គ្រូផ្នែកគាំពារមាតា និងទារកខេត្ត ស្រុក ប្រធានផ្នែក នាយសាល គ្រូបណ្តុះបណ្តាលផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តទាំង៩មាន៖ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តកណ្តាល ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ព្រមទាំងឆ្មបបម្រេីការនៅមណ្ឌលសុខភាព និងមូលដ្ឋានសុខាភិបាលឯកជនខេត្តកំពត ដែលមានការគាំទ្រថវិកាដោយអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA)។